Breaking News

សមត្ថកិច្ចបង្ក្រាបបាន គោយន្តកែច្នៃដឹកឈើ៥គ្រឿង

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បាន​ប្រាប់​ថា គោ​យន្ត​កន្ត្រៃ​៥​គ្រឿង​ដឹកឈើ​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់​ចាប់​បាន​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​០១ ខែធ្នូ នៅ​ចំណុច​ត្រពាំង​ឡប ស្រុក​ស្ទោង លុះ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ២០១៧ បាន​ប្រគល់​ឲ្យ​មន្ដ្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ធ្វើការ​វាស់វែង និង​រក្សា​ទុក​ដែល​មាន​ឈើ​ប្រភេទ​ឈើទាល​ចម្រុះ​ចំនួន​១២,៦៦៥​ម៉ែត្រគូប ចាត់វិធានការ​តាម​ច្បាប់​។
ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ខាងលើ​នេះ លោក ឈឿ​ង គុណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បាន​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​បាន​នាំគោ​យន្ត​ដឹកឈើ​មក​ដោះស្រាយ នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង ក៏​មាន​ប្រជាពលរដ្ឋ​មាន​គ្នា​ជាង​៣០​នាក់ មក​សុំ​យក​ទៅ​វិញ​ថា​ឈើ​នេះ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ និង​ដោយសារ​មានការ​អន្ដរាគមន៍​ពី​ថ្នាក់លើ ដោយ​ថា​ពួក​គាត់​ពុំ​មាន​លទ្ធភាព​ក្នុង​កា​បង់​ផាកពិន័យ​នោះ​ទេ​។
ហេតុ​ដូច្នេះ​ហើយ​ពួក​គាត់​ក៏​បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​ឈើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​ចុះ ចំណែក​គោ​យន្ត​ពួក​គាត់​បាន​សុំ​យក​ទៅ​ប្រើប្រាស់​វិញ ពីព្រោះ​អ្នកខ្លះ​គាត់​ពិតជា​យក​ឈើ​ទៅ​ធ្វើ​ផ្ទះ​ពិតប្រាកដ​មែន ហើយ​អ្នកខ្លះ​ទៀត​បាន​ទៅ​ចងការ​លុយ​គេ​មក​ទិញ​គោ​យន្ត ដោយ​យល់​ពី​ផល​លំបាក​នេះ​ហើយ​ទើប​ថ្នាក់លើ​អនុគ្រោះ​ដល់​ពួក​គាត់​៕

No comments