ប្រទះឃើញរថយន្តមួយគ្រឿងប្លុងចោលក្នុងបុរីមួយកន្លែង
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងពណ៌ខ្មៅ ត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលនៅក្នុងបុរីវីឡាទួលសង្កែ ហើយត្រូវបានប្រជាពលរដ្ឋមានការសង្ស័យរាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខវីឡាលេខC35 ផ្លូវទី២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ រថយន្តដែលគេយកទៅប្លុងចោលនោះពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AE-២៥៣៥ ។

តាមស្ត្រីឈ្មោះ អុន ទូច អាយុ៤១ឆ្នាំជាម្ចាស់ផ្ទះបានឲ្យដឹងថា រថយន្តមួយគ្រឿង ត្រូវបានជនមិនស្គាល់មុខម្នាក់រួមទាំងស្ត្រីម្នាក់ជិះមកឈប់នៅមុខផ្ទះរបស់គាត់ កាលពីវេលាម៉ោងប្រមាណ០៦និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ហើយទៅបាត់ទៅ ។

តាមព័ត៌មានឲ្យដឹងថា ភ្លាមៗគាត់ពុំមានការចាប់អារម្មណ៍ឡើយ ដោយស្មានតែគេចតទុកហើយចូលទៅលេងផ្ទះបងប្អូនក្បែរនោះ ។ ដោយបាត់រយៈពេល២ថ្ងៃ ពុំឃើញម្ចាស់មកយក ក៏មានការសង្ស័យ ក៏បានរាយការណ៍ទៅសន្តិសុខ ហើយបានរាយការណ៍បន្តទៅនគរបាលប៉ុស្តិ៍ឬស្សីកែវ ចុះមកត្រួតពិនិត្យតែម្តង ។

តាមនគរបាលបានឲ្យដឹងថា នៅព្រឹកនោះសមត្ថកិច្ចឆែកឆេរនៅក្នុងរថយន្ត រកពុំឃើញមានអ្វីដែលគួរឲ្យសង្ស័យនោះឡើយ ។ បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ចក៏បាននាំយករថយន្តនោះទៅកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីស្វែងរកម្ចាស់ ៕





No comments