សិស្សសាលាសន្លប់ច្រើនពេក ទើបធ្វើពិធីសែនព្រេនដល់ខ្មោចព្រាយបិសាច
ខេត្តក្រចេះ ៖ សំណែនជាច្រើនមុខរួមមានម្ហូបអាហារនំចំណី និងមានការលេង ប្រគំវង់ភ្លេងខ្មែរទៀតផងនោះត្រូវបានអ្នកភូមិ និងលោកគ្រូ-អ្នកគ្រូរៀបចំធ្វើ នៅក្នុងបរិវេណសាលាវិទ្យាល័យមួយ ។
ក្រៅពីពិធីសែនព្រេនបែបនេះហើយ មានការអុជធូបទាននិយាយបួង សួងសុំសេចក្តីសុខ លាយឡំ និងសម្លេងភ្លេងខ្មែរ លេងប្រគំនៅក្បែរ ព្រមទាំងទួលដំបូកធំមួយក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែនសម្ភះបុរៈ ស្រុកសំបូរ ក្នុងនោះក៏មានការនិមន្តព្រះសង្ឃជាច្រើនអង្គនិមន្តប្រោះព្រំតាមបន្ទប់រៀននីមួយៗ ទៀតផង។

នាយកវិទ្យាល័យហ៊ុនសែនសម្ភះបុរៈ គឺលោកប៉ៃ គឹមឡាយបានរៀបរាប់ថា ការធ្វើពីធី សែនព្រេនដែលរៀបចំពីអ្នកភូមិ និងលោកគ្រូ-អ្នកគ្រូបង្រៀននៅក្នុងសាលានៅព្រឹកថ្ងៃទី០៥ ខែនេះ គឺរៀបចំឡើងដើម្បីសុំសេចក្តីសុខដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់គ្នា។ សម្រេចរៀបចំពិធីសាសនានេះឡើងបន្ទាប់ពីពួកគាត់ទាំងអស់គ្នាមានជំនឿថា ការដួលសន្លប់របស់យុវតីជាសិស្សចំនួន២០នាក់បានជួបបាតុភាព ដួលសន្លប់នៅក្នុងថ្នាក់ ពេលកំពុងរៀន គឺដោយសារតែរងអំពើពីខ្មោចព្រាយបិសាច ។

កន្លងមកក្នុងបរិវេណសាលារៀននេះ មានដើមពោធិ៍ធំមួយដើមមានបារមីខ្មោចព្រាយបិសាចរស់នៅ តែក្រោយពីអ្នកភូមិបានកាប់ដើមពោធិ៍នោះមក បានកើតមានបាតុភាពសិស្សដួល សន្លប់ ជារៀងរាល់ឆ្នាំបែបនេះ ។

ស្ត្រីវ័យចំណាស់ម្នាក់ដែលបានអុជធូប បាញ់ទឹកអប់បួងសួងនៅមុខដីទួលដំបូក បានរៀបរាប់លើអបីយជំនឿនេះថា អ្នកតាម្ចាស់ទឹកម្ចាស់ដីខឹងសម្បា និងកាប់រលំដើមពោធិ៍ទើបបានមកយាយីសិស្សសាលារាល់ឆ្នាំ ។

ដួលសន្លប់យុវតីជាសិស្សចំនួន២០នាក់ ដែលក្នុងនោះមានម្នាក់មានអាការៈធ្ងន់ធ្ងរ ទើបប្រធានមន្ទីរសុខាភិបាលលោកឈ្នាង សុវត្ថា បានប្រាប់អ្នកកាសែតឲ្យដឹងថា មូល ហេតុដែលសិស្សជួបអាការៈដួលសន្លប់ដោយសារ ពួកគេមានសុខភាពខ្សោយខ្លាំង គឺខ្វះជាតិកាល់ស្យូម មួយវិញទៀតសិស្សស្រីដូចគ្នាដែលឃើញគ្នីគ្នាដួលសន្លប់ក៏មាន អារម្មណ៍តក់ស្លុត និងបានសន្លប់តាមគ្នាបន្តបន្ទាប់ ។
តែយ៉ាងណាលោប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យកំពុងតែស្រាវជ្រាវបន្ថែមលើករណីនេះដែរ ៕
No comments