iPhone ថ្មីចេញភ្លែត iPhone ស៊េរីចាស់ដឹងតែដើរយឺតភ្លាមហ្មង.. តើក្រុមហ៊ុន Apple ជាអ្នកនៅពីក្រោយមែនឬអត់?
អាមេរិក៖ ក្រុមហ៊ុន Apple ដែលជាសាវជីវកម្មពហុជាតិឈានមុខគេមួយ ខាងវិស័យបច្ចេកវិទ្យា បានបញ្ចេញនូវទូរស័ព្ទដៃម៉ាក iPhone X លើទីផ្សារ កាលពីថ្ងៃ ទី ៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។

យ៉ាងណាមិញ មានរឿងរ៉ាវចម្រូងចម្រាសមួយបានកើតឡើង ក្រោយពីមានការអះអាង ថាខាងក្រុមហ៊ុនមានចេតនា ធ្វើឲ្យម៉ូដែលទូរសព្ទស៊េរីចាស់ទាំងឡាយ ដំណើរការ មានភាពយឺតយ៉ាវ គួរឲ្យធុញទ្រាន់ ដែលនេះជាឧបាយកលទីផ្សារមួយ ទាក់ទាញឲ្យអតិថិជនរបស់ខ្លួន ងាកមករកជៀវផលិតផលថ្មី ពោលគឺម៉ូដែលទូរសព្ទថ្មី នេះឯង។
រឿងរ៉ាវខាងលើបានផ្ទុះកក្រើក ស្របពេលអត្ថបទមួយ ទទួលបានការចែករំលែកតៗគ្នាពាសពេញបណ្តាញអ៊ីនធឺណេត ដែលចំនួនអ្នកចុច “Share” មានរហូតដល់ទៅជាង ២០០ ០០០ នាក់ ជាចំនួនមួយយ៉ាងគំហុក។
អត្ថបទមួយនោះ ត្រូវបានគេឃើញថា បានសរសេររិះគន់ ក្រុមហ៊ុន Apple យ៉ាងចាស់ដៃ ដែលអះអាងអំពីមធ្យោបាយបោកប្រាសរបស់ក្រុមហ៊ុន និងអួតថាបានផ្អែកទៅតាមការសិក្សាស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ Harvard ដ៏ល្បីមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិក។

ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានគេបញ្ជាក់ថា ពិតជាមានមែន ប៉ុន្តែពុំមានចេតនាអុជអាល ឬបង្ខូចកិត្តយសរបស់ក្រុមហ៊ុន Apple ឡើយ។ តាមពិតទៅ លទ្ធផលនៃការស្រាវជ្រាវនេះ បានធ្វើការសន្មត់ថា រាល់ពេលដែលក្រុមហ៊ុន Apple បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនម្តងៗ តែងតែមានជំនឿដ៏ពេញនិយមមួយថាម៉ូដែល iPhone ចាស់ៗ រមែងដំណើរការយឺតយ៉ាវ រាល់ពេលម៉ូដែលថ្មីៗត្រូវបានគេដាក់លក់ ប៉ុន្តែពុំមានន័យថា ក្រុមហ៊ុន Apple ជាអ្នកនៅពីក្រោយខ្នងឡើយ។
បើតាមប្រភពសារព័ត៌មាន បានពន្យល់ថា មូលហេតុ ពីក្រោយការដំណើរការយឺតរបស់ទូរសព្ទម៉ូដែលចាស់ អាចបណ្តាលមកពីអ្នកប្រើប្រាស់និយមដោនឡូត ឬទាញយកកម្មវិធីជំនាន់ថ្មី មកដាក់លើទូរសព្ទម៉ូដែលចាស់ៗរបស់ខ្លួន ជាហេតុផលបណ្តាលឲ្យមានការយឺតយ៉ាវបែបនេះ។
គួរបញ្ជាក់ថា ការលើកឡើង ឬចោទប្រកាន់ក្រុមហ៊ុន Apple មានចេតនាធ្វើយ៉ាងដូច្នេះ គឺពុំមានភស្តុតាងបញ្ជាក់ថាជាការពិតនោះទេ ហើយការសិក្សាស្រាវជ្រាវខាងលើ ពុំបាននិយាយបង្ខូចក្រុមហ៊ុននោះដែរ។
ការសិក្សាស្រាវជ្រាវនេះទៀតសោត គឺធ្វើឡើងដោយនិស្សិតថ្នាក់បណ្ឌិតម្នាក់របស់សាកលវិទ្យាល័យប៉ុណ្ណោះ ដែលពុំបានឆ្លងកាត់ការបោះពុម្ពចេញផ្សាយជាផ្លូវការឡើយ៕

No comments